Monday, March 21, 2011

ដើម​កំណើត​ពាក្យ “ ​ជ័យ​ហោង សួស្តី​ហោង”

ជា​ទំលាប់​ពាក្យ​ជ័យ​ហោង​ សួស្តី​ហោង​គេ​តែង​ប្រើ​ក្នុង​ពិធី​អាពាហ៍ពិពាហ៍ ។ តើ​ប្រភព​ពាក្យ​នេះ​បាន​មក​ពី​ពេល​ណា​មក?

តាម​ការ​ស្រាវជ្រាវ​រក​ឯកសារ បាន​បញ្ជាក់​ដូច​តទៅ៖
– កាល​ពី​ព្រេង​នាយ មាន​ក្មេង​ស្រី​ម្នាក់​កំព្រា​ឪពុក​ម្តាយ​ ។ ពេល​ស្រុក​កើត​ទុរភិក្ស​អត់​ឃ្លាន នាង​បាន​ដើរ​រក​មើម​ឈូក ដោយ​គ្មាន​ទឹក​ផឹក​នាង​បាន​ផឹក​ទឹក​នោម​ដំរី ដែល​ដក់​នៅ​នឹង​ស្នាម​ជើង​ដំរី​មួយ​ ដោយ​សម្គាល់​ថា​ជា​ទឹក​ល្អ ។ នាង​ក៏​មាន​ផ្ទៃពោះ កើត​បាន​កូន​ប្រុស​ឈ្មោះ <<ជ័យ>> ក្រោយ​ពី​នោះ​នាង​មាន​ប្តី បាន​កូន​ប្រុស​មួយ​ទៀត​ឈ្មោះ <<សួស្តី>> ។ គ្រា​នោះ​ស្តេច​ក្នុង​នគរ​ទ្រង់​ចូល​ទីវង្គត់​ គ្មាន​ព្រះរាជបុត្រ​ដំណវង្ស អ្នក​នគរ​ធ្វើ​ពិធី​ផ្សង​ដំរី រក​អ្នក​មាន​បុណ្យ​ធ្វើ​ស្តេច​ ដំរី​ទៅ​ក្រាប​មុខ​ជើង ជ័យ​និង​សួស្តី​​ជា​អ្នក​មាន​អភីនិហារ​គួរ​សោយ​រាជ្យ​ពេល​នោះ​អភិសេក​ជ័យ​ជា​ស្តេច សួស្តី​ជា​ឧបរាជ ។ ក្នុង​ពេល​ដែល​មាន​អភិសេក​នោះ​គេ​ស្រែក​ប្រកាស​ថា៖ “ ជ័យ​ហោង សួស្តី​ហោង មែន​ហោង” គ្រប់​វិរៈ​បីដង​ទើប​ស្រោច​ទឹក ។
– បើ​តាម​ឯកសារ​មហាបុរស​ខ្មែរ បញ្ជា​ពាក្យ​ជ័យ​សួស្តី​នេះ​មាន​ដើម​កំណើត​ក្នុង​រជ្ជកាល តា​ត្រសក់​ផ្អែម ។ ក្រោយ​ពី​តា​ត្រសក់​ផ្អែម​ (ព្រះនាម​អង្គរជ័យ) សម្រេចចិត្ត​ឡើង​សោយរាជ្យ​ ព្រះអង្គបាន​តែង​តាំង​ពញា​សួស​ជា​ប្អូន​ (ព្រះនាម​អង្គសួស) ជា​ឧបរាជ ។ ដោយ​​ឃើញ​ព្រះអង្គ​ជ័យ​នឹង​សួស មាន​ព្រះជន្មាយុវែង​ដូចនេះ​ សេនា​មន្រ្តី​ ប្រជារាស្រ្ត​ទាំង​ពួង​ ក៏​ក្រាប​ថ្វាយ​បង្គំ​សូម​ឱ្យ​អ្នក​មង្គល​ការ​នោះ​ឱ្យ​ពរ​ថា៖ “ ​ជ័យ​ហោង សួស្តី​ហោង” ដើម្បី​ឱ្យ​បាន​សេចក្តី​សុខ​ចម្រើន​ និង​មាន​អាយុ​យឺន​យូរ​ដូច​ព្រះអង្គ ។
នេះ​ជា​ប្រភព​ច្បាស់​លាស់​មួយ ដែល​មាន​ដើមកំណើត​ក្នុង​ពុទ្ធ​សករាជ ១៥៣៩ គ.ស ៩៩៥ មហាសករាជ ៩១៧ និង​ ច.ស ៣៥៧ ឆ្នាំ​មមែ សប្តស័ក ។
– តាម​ការ​សន្និដ្ឋាន​ អាច​មានទំនាក់​ទំនង​រឿង​ពីរ​ផ្សេង​ទៀត ។ មួយ​តាម​រយៈអក្សរសិល្ប៍​ប្រជាប្រិយរឿង “ ធនញ្ជ័យ” គឺ​ត្រង់​ធនញ្ជ័យ​ទៅ​ស្តី​ដណ្តឹង​ប្រពន្ធ​ឈ្មោះ​នាង​សួស្តី ។
មួយ​ទៀត​តាម​រយៈ​រឿង​ “ អន​អើយ​ស្រី​អន” គឺ​ជំលោះ​រវាង​ជ័យ​និង​សួស ៕

No comments:

Post a Comment